រាជធានីភ្នំពេញ៖ ស្ថិតនៅក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ នៅមិនទាន់ផុតរលត់ចេញពីពិភពលោកជាពិសេសប្រទេសកម្ពុជា ចំណែកឯ ការប្រលងបាក់ឌុប នឹងនៅតែដំណើរការប្រឡង ដូចឆ្នាំមុនៗដដែលហើយក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ បើបេក្ខជនក្តៅខ្លួន និងពិនិត្យទៅឃើញកើតជំងឺកូវីដ-១៩ក៏ដោយ បេក្ខជនរូបនោះ នៅតែអនុញ្ញាតឲ្យមានការប្រឡងដដែលពោលគឺគ្រាន់តែដាក់ពួកគាត់ឲ្យនៅដាច់ដោយឡែកពីគេឯងប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក នួន ផារ័ត្នអភិបាលរង។
ការថ្លែងបញ្ជាក់បែបនេះរបស់លោក នួន ផារ័ត្ន ធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយនៅសាលារាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ និង២៨ ធ្នូខាងមុខនេះ។
ជាមួយគ្នានេះ លោក នួន ផារ័ត្ន បានបញ្ជាក់ដូច្នេះថាសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្ត មិនខុសពីឆ្នាំមុននោះទេ។ប៉ុន្តែអ្វីដែលខុសប្លែក គឺដោយសារឆ្នាំនេះ មានការរីករាលដាលជម្ងឺកូវីដ-១៩ការប្រឡងគឺស្ថិតនៅក្នុងកិច្ចការពារខ្លួនពីកូវីដ-១៩។ បន្ថែមពីលើនេះលោកក៏បានជំរុញឲ្យ កងកម្លាំងប៉ូលិស កងរាជអាវុធហត្ថ និងអាជ្ញាធរខណ្ឌទាំងអស់ត្រូវរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅបរិវេណសាលារៀន ឲ្យបានល្អប្រសើរជៀសវាងឲ្យបាននូវការកកស្ទះចរាចរណ៍។
ក្នុងនោះ លោកក៏បានជំរុញឲ្យអាជ្ញាធរសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាដើម្បីធានាសុវត្ថិភាពនៃការប្រឡងនេះទទួលបាននូវភាពជោគជ័យ។ បន្ថែមពីនេះត្រូវបង្កើតឲ្យមានគណៈកម្មការទីបញ្ជាការស្រាលមួយដើម្បីទទួលព័ត៌មានក៏ដូចជាធ្វើអន្តរាគមន៍ ទៅលើអ្វីផ្សេងៗដែលកើតមាននិងធ្វើការហាមដាច់ខាតចំពោះការបើកអាជីវកម្មនៅក្បែរសាលាពាក់ព័ន្ធនឹងការថតចម្លងឯកសារនានា។
លោក ហែម ស៉ីណារ៉េតប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថាសម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងចាប់ផ្ដើមប្រឡងនៅថ្ងៃចន្ទ ទី២៧ និង២៨ ធ្នូឆ្នាំ២០២១ នៅមណ្ឌលប្រលងចំនួន ២៨ មណ្ឌល មាន៨៤០បន្ទប់ និងមានបេក្ខជនប្រលងចំនួន២០៧២៥៤នាក់។
ចំពោះទីតាំងផ្ញើយានយន្តរបស់បេក្ខជនប្រឡងទាំង២៨មណ្ឌល គឺមិនអនុញ្ញាតឲ្យយកលុយថ្លៃផ្ញើយានយន្តនោះទេ ដោយរដ្ឋបាលរាជធានីភ្នំពេញបានប្រគល់ថវិកាចំនួន ១លានរៀល សម្រាប់មួយមណ្ឌលដើម្បីសម្រួលលើកិច្ចការផ្ញើយានយន្តនេះដោយមិនយកប្រាក់ពីបេក្ខជន៕
ប្រភព៖ FN