ភ្នំពេញ៖ ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយថ្មីៗនេះរូបភាពជាច្រើនសន្លឹករបស់តារាចម្រៀង កញ្ញា តន់ ច័ន្ទសីម៉ា ថតជាមួយនិងតារាចម្រៀង លោក ខេមរៈ សិរីមន្ត ដោយរូបភាពនោះបានបង្ហាញថា ពួកគេកំពុងតែធ្វើការងារធំមួយជាមួយគ្នា ជាលើកដំបូង។
រូបភាពទាំងនោះ ត្រូវបានបង្ហោះលើផេកផ្លូវការរបស់កំពូលតារាចម្រៀងក្នុងផលិតកម្ម GalaxyNavatra តែម្ដង។ដោយប្រិយមិត្ត បានឃើញរូបភាពទាំងនេះភ្លាមអាចជាមានការភ្ញាក់ផ្អើល ហើយអាចស្មានបានភ្លាមៗថា តារាចម្រៀង ខេមរៈ សិរីមន្ត ច្បាស់ជាមានការងារអ្វី ជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ាវ័យក្មេង ឡេងណាវ៉ាត្រា ហើយមើលទៅ ត្បិតអីបើមើលទំនាក់ទំនងរវាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងតារាចម្រៀង លោក ខេមរៈ សិរីមន្ត គឺមានភាពស្និទ្ធស្នាលខ្លាំងណាស់ ដែលទំនងគេអាចវាយតម្លៃថានៅថ្ងៃណាមួយច្បាស់ជា លោក សិរីមន្ត នឹងអាចមកជ្រកក្រោមផលិតកម្ម Galaxy Navatra ជាក់ជាមិនខាន។
បែបនេះក្ដី មិនទាន់មានរឿងនោះកើតឡើងនៅឡើយទេគិតមកដល់ម៉ោងនេះ ព្រោះ លោក ខេមរៈសិរីមន្ត ក៏មិនទាន់ ចប់កុងត្រាជាមួយផលិតកម្មដែលលោកកំពុងតែច្រៀងឲ្យឡើយដែរ។ ការជួបគ្នារបស់ កញ្ញា តន់ ច័ន្ទសីម៉ា និង លោក ខេមរៈ សិរីមន្ត ត្រូវបានប្រភពច្បាស់ការដែលគួរឲ្យទុកចិត្តមួយ បញ្ជាក់ឲ្យដឹងថា ពួកគេទាំងពីរបានបំពេញការងារថតស្ប៉តពាណិជ្ជកម្ម ឲ្យក្រុមហ៊ុនធំលំដាប់អន្តរជាតិមួយ។ ប្រភពដដែលនោះមិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែល កំពូលតារាចម្រៀងទាំងពីរថតឲ្យនោះឡើយ ហើយចំពោះតម្លៃខ្លួននៃការថតវិញក៏មិនបានទម្លាយឲ្យដឹងនោះដែរ គ្រាន់តែប្រាប់ថាពួកគេទាំងពីរជាតារាគ្រេត A ដូចនេះតម្លៃខ្លួនក៏ទៅតាមនោះដូចគ្នា។
ចំណែកលោក យឹម តាស្រង់អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានប្រាប់ថាមិនមានវត្តមានរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ចូលក្នុងផលិតកម្ម Galaxy Navatra នោះទេ។ ដូចនឹងការលើកឡើងពីប្រភពខាងលើ លោក យឹម តាស្រង់ បញ្ជាក់ថា តន់ ច័ន្ទសីម៉ា គ្រាន់តែមានកិច្ចការធំមួយ ជាមួយលោក ខេមរៈ សិរីមន្ត លើការងារថតស្ប៉តពាណិជ្ជកម្ម ប៉ុណ្ណោះ៕