កម្សាន្ត៖ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្ដាញសង្គម ក្រោយមានមហាជនបានប្រទះឃើញ V សមាជិកក្រុម BTS បានទៅចូលរួមការតាំងពិព័រណ៍ជាមួយម្ដាយតែ២នាក់។ មិនត្រឹមតែប៉ុណ្ណោះ តារាប្រុសរូបនេះ ចូលរួមមើលការតាំងពិព័រណ៍ដើរបណ្ដើរជាមួយម្ដាយយ៉ាងសាមញ្ញទៀតផង។
តាមរយៈគណនីជាច្រើននៅក្នុងបណ្ដាញសង្គមជាច្រើនបានបង្ហោះរូប V កំពុងតែដើរទស្សនៈគំនូរសិល្បៈជាមួយអ្នកម្ដាយ ដែលកម្មវិធីតាំងពិព័រណ៍គំនូរសិល្បៈនេះធ្វើឡើងនៅទីតាំងមួយកន្លែងក្នុងទីក្រុងសេអ៊ូល។ លើសពីនោះ V មិនបានតែងខ្លួនហឺហាដូចពេលដែលលោកចូលរួមកម្មវិធីផ្សេងៗនោះទេ លោកស្លៀកសម្លៀកបំពាក់សាមញ្ញពាក់មួកនិងម៉ាសដូចបុរសទូទៅ។
អ្វីដែលធ្វើឲ្យហ្វេនៗច្រណែនភ្ញៀវ ដែលបានចូលរួមនៅទីនោះគឺ ភ្ញៀវទាំងនោះមានសំណាងអាចថតរូបនិងនិយាយលេងជាមួយ V បានយ៉ាងងាយស្រួល។ លើសពីនោះ វាជាលើកដំបូងដែល V បាននាំម្ដាយមកដើរទស្សនាសិល្បៈគំនូរជាមួយលោក។
យោងទៅតាមហ្វេនៗបានឲ្យដឹងថា V ធ្លាប់បានចូលរួមកម្មវិធីតាំងពិព័រគំនូរសិល្បៈបែបនេះពីមុនមកនៅប្រទេសបារាំង។ ជាពិសេស នេះជាលើកទី១ក្នុងរយៈពេល២ឆ្នាំហើយ ដែលលោកទើបតែបានចូលរួមម្ដងទៀតជាមួយអ្នកម្ដាយដែលពីមុនខកខានមិនបានចូលរួម៕