ភ្នំពេញ៖ លោក FONKi កើតនៅក្នុងប្រទេសបារាំងប៉ុន្តែរូបលោកមានឪពុកម្តាយជាជនជាតិខ្មែរ គឺជាវិចិត្រករគំនូរតាមជញ្ជាំង និងជានាយកច្នៃប្រឌិតនៅឌឹកហ្វេកតូរីភ្នំពេញ។ ហើយកុមារភាពរបស់រូបលោក គឺនៅក្នុងទីក្រុងម៉ុងត្រេអាល់ ប្រទេសកាណាដាក្រោយមកក៏សម្រេចចិត្តត្រលប់មកកាន់ទីក្រុងភ្នំពេញវិញ ជាមួយនឹងការជួយបង្កើតស្នាដៃជាច្រើននូវកន្លែងសិល្បៈគំនូរតាមជញ្ជាំងដែលមានការរីកដុះដាលដូចសព្វថ្ងៃនេះ។
គោលដៅរបស់លោក FONKi គឺការបង្កើតផ្ទាំងគំនូរ ដែលអបអរសាទរមរតកខ្មែរជាមួយនឹងការប្រើប្រាស់ស្ទីលរចនាបទគំនូរតាមទីសាធារណៈរបស់គាត់ ដើម្បីស្វែងយល់ពីប្រវត្តិសាស្រ្តវប្បធម៍និងនិមិត្តសញ្ញាខ្មែរ តាមបែបទំនើប។
ចំពោះមូលហេតុដែលធ្វើឲ្យលោក FONKi ផ្តោតលើមរតកខ្មែរ និងបំផុសគំនិតរបស់លោក ក៏ព្រោះតែលោក បានចំណាយកុមារភាពនៅឯបរទេសក្នុងការប្រើសិល្បៈជាយានដើម្បីស្វែងយល់ពីអត្តសញ្ញាណជាតិខ្មែរ និងស្វែងយល់ពីឬសគល់ ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាដូច្នេះហើយរបកគំហើញគំនិតច្នៃប្រឌិតទាំងនេះ បានបំផុសភាពសម្បូរបែប និងលក្ខណៈពិសេសនៃវប្បធម៍ខ្មែររួមមានតន្ត្រីក៏ដូចជារបាំប្រជាប្រិយ និងនិមិត្តរូបប្រាង្គប្រាសាទ សិល្បៈខ្មែរ ដែលជាកត្តាជម្រុញចិត្តរបស់លោកFONKiឲ្យកាន់តែស៊ីជម្រៅមកលើមរតកខ្មែរ ដោយមានការបន្ថែមនូវភាពទំនើបមកលើការរចនាបទគំនូរផ្ទាល់ខ្លួនរបស់លោក។
សម្រាប់ហេតុផលបន្ថែម ដែលគួរឲ្យសរសើរដល់លោកFONKiគឺរូបលោកបានរៀបរាប់អំពីការការពារបេតិកភណ្ឌខ្មែរ តាមរយៈគំនូរបស់លោកដោយលើកយកហេតុផលថា សព្វថ្ងៃនេះប្រទេសកម្ពុជាមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ដូច្នេះហើយរូបលោកមានការព្រួយបារម្ភចំពោះហានិភ័យក្នុងការបាត់បង់វប្បធម៍ខ្មែរ ដោយមានការជំនួសមកវិញជាមួយវប្បធម៍បរទេស ដូច្នេះហើយ កត្តាទាំងនេះមានតែការចូលរូមពីយុវជនខ្មែរក្នុងការនិយាយនិងបង្ហាញអំពីវប្បធម៍របស់ខ្លួនឲ្យបានច្រើន ដើម្បីចូលរួមចំណែកក្នុងការអភិរក្សវប្បធម៍ខ្មែរកុំឲ្យបាត់បង់។
គួររម្លឹកដែរថា ផ្ទាំងគំនូររបស់លោកFONKiនឹងនាំមកនូវនិមិត្តសញ្ញាប្រពៃណីខ្មែរ និងមានលំនាំក្បាច់បុរាណជាមួយក្បូរក្បាច់រចនាគំនូរ ដោយបង្ហាញពីការលាយបញ្ចូលគ្នាដ៏គួរឲ្យសរសើររវាងជំនាន់ចាស់និងជំនាន់ថ្មី ដែលនឹងធ្វើការតាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍របស់កម្ពុអ៊ែរ៉ា ដែលធ្វើឡើងក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះនៅឯឌឹកហ្វេកតូរីភ្នំពេញ។
សម្រាប់លោកអ្នកមានបំណងចង់ស្វែងរកវឌ្នភាពគំនូររបស់លោក FONKi និងតាមដានបន្ថែមអំពីព្រឹត្តិការណ៍របស់កម្ពុអ៊ែររ៉ា លោកអ្នកអាចតាមដាននៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ កម្ពុអ៊ែរ៉ា តាមរយៈតំណរនេះhttps://bit.ly/3fAIv7d និងអ៊ីនស្តាក្រាម តាមរយៈតំណរនេះ https://bit.ly/2VsTb0K ៕