រាជធានីភ្នំពេញ៖ អគារមនី្ទរពេទ្យកម្ពុជា-ចិនព្រះកុសុមៈ មានកម្ពស់១១ជាន់ មាន ១៣២បន្ទប់ ទំហំ២៨,៩០០ម៉ែត្រការ៉េ លើផ្ទៃដីសរុប ១៣,៧៤០ម៉ែត្រការ៉េដោយចំណាយថវិកាប្រមាណ ៨១លានដុល្លារ ក្រោមជំនួយឥតសំណងរបស់ចិនគ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ ជាការកត់សម្គាល់នៅលើដំបូលអគារនេះ ក៏មានសាងសង់ចំណតឧទ្ធម្ភាគចក្រ ទម្ងន់មធ្យមពី៣ ទៅ៥តោនផងដែរ។
លោកស្រីយក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងឱកាសចុះពិនិត្យនិងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ កាលពីថ្ងៃទី២៨ខែធ្នូថា អគារមនី្ទរពេទ្យកម្ពុជា-ចិន ព្រះកុសុមៈនេះចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា ផ្នែកពិគ្រោះជំងឺក្រៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ ផ្នែកជំងឺទូទៅផ្នែកជំងឺវះកាត់ព្រមទាំងសេវា ជំនួយផ្សេងៗទៀត។
ក្នុងនោះដែររដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បន្ថែមថា អគារមនី្ទរពេទ្យនេះគឺជាស្នាដៃមួយដ៏ធំធេង និងជាការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តកម្ពុជាបានយកចិត្តទុកដាក់ក្នុងការពង្រីកហេដ្ឋារចនាសម្ព័ន្ធដើម្បីផ្តល់នូវការព្យាបាលសុខភាពជូនប្រជាពលរដ្ឋ។ អគារនេះលេចជារូបរាងឡើងក្រោមកិច្ចសហការរជាមួយក្រុមហ៊ុននៅប្រទេសចិន ចាប់តាំងពីខែតុលា ឆ្នាំ២០១៨រហូតមកដល់បច្ចុប្បន្ន។
គិតមកដល់ពេលនេះអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រេចការសាងសង់បានប្រមាណ៩០ភាគរយហើយ។
ទន្ទឹមនោះដែរលោកស្រី យក់ សម្បត្តិ ក៏បានសម្តែងមានមោទនភាពដោយទទួលបាននូវសមិទ្ធផលដ៏ធំធេងជាជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន និងបានប្តេជ្ញាយ៉ាងមុតមាំថាកម្ពុជា-ចិន និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែស្អិតរមួតយូរអង្វែង ដោយមើលឃើញថាមិត្តចិន តែងតែយកចិត្តទុកដាក់មកលើកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាលក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩៕
ប្រភព៖ KPT