តាមរយៈការឡាយវីដេអូមួយថ្មីៗនេះ ម្ចាស់ពាន Cambodia’s Got Talent លោក យឿន ពិសី រៀបរាប់ទាំងទឹកភ្នែកដោយលោកបញ្ជាក់ថា លោកពិតជាសោកស្តាយត្រង់ថាជាម្ចាស់ពាន ប៉ុន្តែគេមិនហៅឱ្យឡើងច្រៀង។
យឿន ពិសី បានរៀបរាប់ថា “មួយឆ្នាំមិនទាន់បាន១ឆាក ឳ្យខ្ញុំរំពឹងអី? ឈ្មោះជាម្ចាស់ពាន តែគ្មានតម្លៃ...។ ខ្ញុំដឹងថា ខ្ញុំពិការ គ្រប់កម្មវិធីទាំងអស់មិនសូវចង់បានខ្ញុំទេ តែតាំងពីខ្ញុំចូលមកប្រឡូកក្នុងវិស័យសិល្បៈនេះ ខ្ញុំមិនដែលកំណត់តម្លៃខ្លួនឯងថា ក្នុង១ឆាត រាប់ម៉ឺន រាប់ពាន់ដុល្លារទេ ឬក៏រាប់រយដុល្លារទេ។"
យឿន ពិសី ថា៖ «តាំងពី២០១៥មក ខ្ញុំដេកឱបពាន បើសិនមានពេលវេលានឹងត្រឡប់ក្រោយមែនពិត សុំមិនជាប់ជ័យលាភីល្អជាង...»។
យឿន ពិសី អះអាងថា ខាងផលិតកម្ម គឺទាក់ទងមកតែពេលត្រូវហៅឡើងច្រៀងម្តងម្កាលប៉ុណ្ណោះ ប៉ុន្តែបើនិយាយពីការចេញបទចម្រៀង ឬការងារផ្សេងៗ គឺមិនមានតែម្តង។
ជាការកត់សម្គាល់ កន្លងមកអ្នកប្រើប្រាស់បណ្តាញសង្គមក៏ជារឿយៗបង្ហាញទស្សនៈរបស់ខ្លួនជាហូរហែដែរ បន្ទាប់ពីសង្កេតឃើញថា ក្រោយទទួលជ័យលាភី ម្ចាស់ពានរូបនេះ ហាក់គ្មានសកម្មភាពអ្វីក្នុងផលិតកម្មហង្សមាសទាល់តែសោះ។ ជំនួសការមិនបានឡើងឆាត គេសង្គេតឃើញថា យឿន ពិសី បានងាកទៅបង្កើតផេកហ្វេសប៊ុន និងយូធូប ច្រៀងចម្រៀងមរតកដើមឡើងវិញ ផ្លុំខ្លុយ ជាដើម ដើម្បីឱ្យមហាជន និងអ្នកគាំទ្រខ្លួន បានទស្សនា និងស្តាប់កំសាន្ត។
យ៉ាងណាក្តី ជុំវិញបញ្ហានេះ គេនៅពុំទាន់ឃើញមានការឆ្លើយតបពីសំណាក់ផលិតកម្មហង្សមាសនៅឡើយទេ។
សូមបញ្ជាក់ថា យឿន ពិសី ជាយុវជនពិការភ្នែក១រូប ដែលជាម្ចាស់ពានក្នុងកម្មវិធីលំដាប់ពិភពលោក «Cambodia’s Got Talent» រដូវកាលទី១ ប្រចាំស្ថានីយទូរទស្សន៍ហង្សមាស៕