កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី ២ ខែមេសាក្រុមហ៊ុនផលិតកម្ម Victory Contents ទទួលបន្ទុករឿង «River Where The Moon Rises» របស់ទូរទស្សន៍ KBS2 បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការមួយដោយបញ្ជាក់ថាពួកគេបានដាក់ពាក្យបណ្តឹងប្តឹងផលិតកម្ម Key East ដែលជាទ្រនំតារាសម្តែង Ji Soo ។
យ៉ាងណាមិញ ទោះបីក្រុមហ៊ុន Victory Contents រកដំណោះស្រាយទាក់ទងនឹងទំនួលខុសត្រូវ ដើម្បីទូទាត់សងចំពោះការខាតបង់ដែលបណ្តាលមកពីការចាកចេញរបស់តារាសម្តែង Ji Soo ក៏ដោយ ក៏ផលិតកម្ម Key East មិនបានអនុវត្តតាមឡើយ ដូច្នេះវាបានក្លាយជារឿងចៀសមិនផុតដែលពួកគេ បន្តនីតិវិធីទៅតាមផ្លូវច្បាប់។
យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ពាក្យបណ្តឹងដែលធ្វើឡើងដោយក្រុមហ៊ុនផលិតកម្ម Victory Contents បានប្តឹងទារសំណង ពាក់ព័ន្ធនឹងខូចខាត ក៏ដូចជាបំផ្លាញកេរ្តិ៍ឈ្មោះនៃរឿងមួយនេះ ចំនួនទំហំសាច់ប្រាក់ជាង ៣ ពាន់លានវ៉ុន (ប្រហែល ២,៧ លានដុល្លារ)។
ជាមួយគ្នានេះដែរ រឿងរ៉ាវមួយនេះ បានកើតឡើង នៅពេលតារាសម្តែង Ji Soo បានសារភាពចំពោះពាក្យចចាមអារ៉ាមស្តីពីការទាក់ទងនឹងករណីរឿងអាស្រូវធ្វើបាបគេ ថែមទាំងបានចាកចេញពីការសម្តែងក្នុងរឿងភាគ «River Where The Moon Rises» ។ ជាលទ្ធផលរឿងភាគយន្តមួយនេះ ត្រូវបង្ខំចិត្តប្តូរតួសម្តែងភ្លាមៗ ខណៈដែលថតស្ទើរតែបាន ៩០ ភាគរយទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖