កម្សាន្ត៖ ជាការពិតណាស់ ក្រោយពីមានដំណឹងថា Bella Ranee ចែកផ្លូវគ្នាជាមួយគូស្នេហ៍ដែលជាតារាសម្ដែងប្រុសដ៏ល្បី Weir Sokullawat មក ហ្វេនៗជាច្រើនមានការសោកស្ដាយពីទំនាក់ទំនងពួកគេដែលស្រលាញ់គ្នាបាន ៩ឆ្នាំ តែបែរជាធ្លាក់មកនៅត្រឹម រាប់អានជាបងប្អូនទៅវិញ។
ទន្ទឹមនឹងនោះ ហ្វេនៗក៏មានចម្ងល់ចង់ដឹងពីប្រវត្តិស្នេហារបស់ Bella ផងដែរថា នាងធ្លាប់មានទំនាក់ទំនងជាមួយតារាប្រុសណាខ្លះ មុននឹងជាប់ស្នេហ៍ជាមួយ Weir។ ជាក់ស្ដែង កាលពីពេល Bella មិនទាន់ប្រកាសមានសង្សា នាងធ្លាប់បានហ្វេនៗសង្ស័យថា តារាស្រីរូបនេះទាក់ទងជាមួយ James Jirayu។
ជាមួយគ្នានេះដែរ James និង Bella ជាដៃគូសម្ដែងដ៏ល្បីល្បាញ ដែលអ្នកគាំទ្រផ្សំផ្គំចង់ឲ្យស្រលាញ់គ្នាពិតប្រាកដ ហើយថែមទាំងមានឈ្មោះ Fandom ថា Jiranee ដែលបានមកពីឈ្មោះ តារាទាំងពីរនេះផ្សំចូលគ្នា។ មិនតែប៉ុណ្ណោះ ទោះបីជាពួកគេមិនបានបញ្ជាក់អីក៏ដោយ តែគេតែងតែឃើញអ្នកទាំងពីរស្និទស្នាលនឹងគ្នាជាខ្លាំង។
បន្ថែមពីនោះ គូ Jiranee នេះ បានសម្ដែងរឿងជាមួយគ្នាជាច្រើនរឿង ប៉ុន្ដែក្រោយពី Bella ប្រកាសទំនាក់ទំនងជាមួយ Weir មក ហ្វេនសង្កេតឃើញថា នាងបានឃ្លាតឆ្ងាយពី James មិនស្និទស្នាលដូចមុន ហាក់ដូចជាមានរឿងអ្វីនៅពីក្រោយអញ្ចឹង។ ងាកមក បច្ចុប្បន្នវិញ Bella មានដំណឹងថា បែកគ្នាជាមួយសង្សារទៅហើយ ដែលធ្វើឲ្យហ្វេនជាច្រើនខូចចិត្តយ៉ាងខ្លាំង៕